Thursday, September 1, 2016

រឿង​វត្ត​សំពៅ​ប្រាំ នៅ​ភ្នំ​បូក​គោ

នៅ​ភ្នំ​បូក​គោ វត្ត​សំពៅ​ប្រាំ ស្ថិត​នៅ​ទី​ខ្ពង់​រាប នៃ​ភ្នំ​បូក​គោ ដែល​សព្វ​ថ្ងៃ​នេះ​រាជ​ការ​បាន​តាំង​ជា​ទី​ក្រុង​ទេសចរណ៏​មួយ​យ៉ាង​សំខាន់ សម្រាប់​យក​ខ្យល់​អាកាស​ស្អាត​ស្អំ​នៅ​មាត់​សមុទ្រុ។ ភ្នំនេះ​ឋិត​នៅ​ក្នុង​ពួក​ភ្នំ​កំចាយ ពី​ដើម​នៅ​ក្នុង​ឃុំ​កោះ​តូច ស្រុក​កំពត ខេត្ត​កំពត ប៉ុន្តែ​សព្វ​ថ្ងៃ​គេ​កាត់​ចេញ​ដោយ​ឡែក​ជា​បុរី​មួយ ដោយ​មាន​ការ​គ្រប់​គ្រង​ពិសេស​ដាច់​ចេញ​ពី​ខេត្ត​កំពត។ 

សព្វ​ថ្ងៃ​ទី​ក្រុង​ថ្មី​នេះ បាន​រៀប​ចំ​ជា​ថ្មី​ឱ្យ​ទាន់​សម័យ ឯ​ផ្លូវ​ថ្នល់​ដែល​លូន​ក្រវេច​ក្ររៀន​តាម​ចង្កេះ​ភ្នំ កាត់​ជា​ជ្រោះ​ឡើង​ទៅ​ខ្ពង់​បុព្វតា​នេះ ក៏​បាន​ក្រាល​ថ្ម​ចាក់​ជ័រ​យ៉ាង​ស្អាត​បាត រថយន្ត​តូច​គ្រប់​ធុន​បើក​បរ​គ្មាន​លំបាក​ទេ លើក​លែង​តែ​រថយន្ត​ធំ​វែងៗ​បើក​បរ​ពុំ​បាន ត្បិត​បត់​បែន​ពុំ​កើត ព្រោះ​ផ្លូវ​នេះ​ក្ងិក​ក្ងក់​ពេក។ ផ្លូវ​ឡើង​នេះ​មាន​ចម្ងាយ​ចាប់​តាំង​ពី​ត្រង់​បែក​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៣ (ផ្លូវ​កំពត​-​វាល​​រិញ) ទៅ​មាន​៣២​គ.ម ប៉ុនែ្ត​ដោយ​ផ្លូវ​បត់​បែន ហើយ​ត្រូវ​ឡើង​ជា​ដរាប​ផង រថយន្ត​បើក​ពុំ​សូវ​លឿន​ប៉ុន្មាន​ទេ។ ពី​ដើម​ខ្ពង់​រាប​បូក​គោ​ជា​កន្លែង​យក​ខ្យល់​អាកាស​សម្រាប់​ជន​ជាតី​អ៊ឺរ៉ុប ដែល​ជា​អាណា​ព្យាបាល​ស្រុក​យើង គឺ​លោក​ហ្វ្រង់ស្វា-បូដ្វាំង ជា​រេស៊ីដង់​សុប៉េរេយើ នៅ​ប្រទេស​ កម្ពុជា​បាន​ចាត់​កសាង ហើយ​សម្ពោធ​ផ្លូវ​ការ​កាល​ពី​ឆ្នាំ​១៩២៥។ 


 កាល​ពី​សម័យ​កសាង​នោះ ដោយ​ទ្រង់​ថា បារាំង​រៀប​ចំ ធ្វើ​ទី​សំណាក់​អាស្រ័យ​យក​ធាតុ​ត្រជាក់​សម្រាប់​ពួក​គេ ដូច្នេះ​ព្រះ​មហាក្សត្រ​ខ្មែរ​យើង​ក៏​ព្រះ​អង្គ ទ្រង់​ព្រះ​តំរិះ​ដល់​ព្រះ​ពុទ្ធិ​សាសនា​ភ្លាម​ដែរ គឺ​ព្រះ​អង្គ​ទ្រង់​សាង​អារាម​មួយ ដោយ​មាន​កូន​វិហារ​តូច​មួយ​នឹង​ចេតិយ​ឡើង​មួយ​ដែរ។ សំណង់​វត្ត​នេះ​តាំង​លើ​ដី​ខ្ពស់ ជា​កំពូល​ភ្នំ​ដ៏​មាន​ផែន​ថ្ម​ធំៗ​នៅ​ពាស​ពេញ ចម្លែក​ជាង​គេ​គឺ​ផែន​ថ្ម ជា​បន្ទះៗ មាន​ទំហំ​បណ្តោយ​ប្រមាណ​ជា​ជាង​១០មែត្រ និង​កំពស់​ប្រហែល​ជិត​១០​មែត្រ​ដែរ។ ទ្រង់​ទ្រាយ​ផែន​ថ្ម​នេះ​មាន​ភាព​សំប៉ែត​ខ្ពស់ ទ្រ​ទុង​នៅ​តំរៀប​គ្នា​ជា​ប្រាំ​សន្លឹក មាន​សណ្ឋាន​ដូច​ក្តោង​សំពៅ​ត្រដាង។ ដោយ​ឃើញ​រូប​ភាព​​នៃ​ថ្ម​ទាំង​ប្រាំ​ផែន​នេះ មាន​សណ្ឋាន​ដូច​សំពៅ​៥ កំពុង​បើក​ក្តោង ហើយ​ការ​កសាង​ក៏​ត្រូវ​ធ្វើ​នៅ​ជាប់​ផែន​ថ្ម​នេះ​ទៀត ទើប​អ្នក​ផង​ហៅ​ទីនេះ​តាម​សន្មត់​ថា “វត្តសំពៅ​ប្រាំ ” ។ 
កាល​បើ​បាន​ឈ្មោះ​នេះ​ហើយ អ្នក​ផង​ក៏​ប្រឌិត​បាន​ជា​រឿង​ព្រេង​មួយ​ឡើង ដែល​ដក​ស្រង់​ពី​រឿង​មាន​ស្រាប់​មក​ហើយ គឺ​រឿង​ព្រះ​ថោង​នាង​នាគ​នោះ​ឯង ៖ ក្នុង​កាល​កន្លង​យូរ​មក​ហើយ កាល​នោះ​មាន​សេ្តច​ខ្មែរ​យើង​មួយ​អង្គ​ព្រះ​នាម​ព្រះ​ថោង។ រឿង​ដើម​នៃ​ក្សត្រ​អង្គ​នេះ គឺ​ព្រះ​អង្គ​ជា​ព្រះ​អង្គ​ម្ចាស់​មួយ​ព្រះ​អង្គ មាន​ការ​តូច​ព្រះ​ទ័យ​និង​បិតា ដែល​តំរូវ​ឱ្យ​ព្រះ​អង្គ​គោរព​បូជា​ព្រះ​អនុជ​ពៅ ម៉្លោះ​ហើយ​ទ្រង់​យាង​ចាក​ចេញ​ពី​ព្រះ​រាជ​វាំង​ជាមួយ​ស្ម័គ្រ​បក្ស​ពួក ចេញ​ឆ្ងាយ​ពី​រាជ​វាំង​ទៅ​ដល់​ឆ្នេរ​ខ្សាច់​មួយ​មាន​ដើម​ធ្លក​មួយ​ដើម​ដុះ​ នា​កណ្តាល​វាល​ខ្សាច់​នោះ។ ព្រះ​អង្គ​បញ្ឈប់​ពល​រេហ៏​នៅ​ទី​នោះ​សម្រាក​ព្រះ​កាយ​នៅ​ក្រោម​ដើម​ធ្លក។ 

ពេល​ព្រលឹម​ស្វាង​ឡើង ព្រះ​អង្គ​យាង​មួយ​ព្រះ​អង្គ​ឯង លំហែរ​កាយ​តាម​មាត់​សមុទ្រ​កាន់​តែ​ឆ្ងាយ​ទៅ​ៗ ស្រាប់​តែ​ឮ​សំលេង​មនុស្ស​អ៊ូអរ ព្រះអង្គ​ក៏​យាង​ទៅ​ជិត​បាន​ជួប​នឹង​នាង​នាគ ដែល​កំពុង​នាំ​ភិលៀង​មក​កំសាន្ត​ឆ្នេរ​សមុទ្រ​នេះ។ ព្រះ​អង្គ​បាន​លួង​លោម​ប្រតិព័ទ្ធ​ នាង​នាគ​ក៏​យល់​ព្រម តែ​សូម​ឱ្យ​ព្រះ​អង្គ​តោង​កន្ទុយ​នាគ ដើម្បី​ជ្រែក​ទឹក​ទៅ​កាន់​ឋាន​នាគ ថ្វាយ​បង្គំ​ព្រះ​ភុជង្គ​នាគ​ជា​ព្រះ​បិតា។ លុះ​ព្រះ​អង្គ​តាម​ព្រះ​នាង​ទៅ​ដល់​ឋាន​នាគ​អស់​រយៈ​៧ថ្ងៃ ក៏សូម​លា​ព្រះ​បិតា​ក្មេក​នាំ​មហេសី​មក​ឋាន​មនុស្ស​វិញ។ កាល​នោះ​ព្រះ​បាទ​ភុជង្គនាគ បាន​រៀប​ចំ​ប្រដាប់​ប្រដា ជា​ទ្រព្យ​មាន​តំលៃ​ចំនួន​៥​សំពៅ ដើម្បី​ដង្ហែ​ព្រះរាជ​បុត្រ​មក​គ្រប់​គ្រង​រាជ្យ​នៅ​ឋាន​មនុស្ស​លោក។ សំពៅ​ទាំង​៥​នោះ បើក​ក្តោង​សំដៅ​មាត់​សមុទ្រ​ជាយ​ដែន​ប្រទេស ហើយ​ក៏​ចូល​ចត​តំរៀប​គ្នា រើ​ប្រដាប់​ប្រដា​ចេញ​ពី​សំពៅ ហើយ​ដឹក​ជញ្ជូន​យក​ទៅ​រក​ទី​ណា​មួយ មាន​ទី​ទួល​ខ្ពស់​រៀប​ចំ​កសាង​ជា​ទី​ក្រុង​ឡើង។ ឯ​សំពៅ​ទាំង​ប្រាំ​នោះ​ក៏​បញ្ឈរ​ទុក​សម្រាប់​ព្រះ​អង្គ​មាន​ដំណើរ​ទៅ​ណា​មក​ ណា ទ្រង់​គង់​ក្រសាល​តាម​ព្រះ​ចិន្តា។
 ពល​រេហ៏​ទាំង​៥០០​នាក់​ក៏​ដង្ហែ​ព្រះ​ថោង​និង​នាង​នាគ ទៅ​ចាប់​ស្ថាបនា​ទីក្រុង​រាជនិ​វេសន៏​ទាំង​អស់​គ្នា​ទៅ នៅ​សល់​តែ​សំបក​សំពៅ លុះ​អស់​កាល​ជា​យូរ​លង់​ក្រោយ​មក ឆ្នេរ​សមុទ្រ​ចេះ​តែ​ស្រុត​ស្រក​ឆ្ងាយ​ទៅៗ ដី​ក៏​កាន់​តែ​ដុះ​ខ្ពស់​ឡើងៗ សំពៅ​ទាំង​ប្រាំ​នោះ​ក៏​កឿង​នៅ​ជាប់​នឹង​ច្រាំង ហើយ​យូរៗ​ទៅ​ក៏​រឹង​ទៅ​ជា​ថ្ម​លិច​បាត់​តួ​សំពៅ​ទៅ​ក្នុង​ដី នៅ​សល់​តែ​ក្តោង​ទាំង​៥ ដែល​គេ​ឃើញ​សព្វ​ថ្ងៃ​នេះ។ នេះ​ហើយ​ជា​រឿង​ព្រេង​ដែល​អ្នក​ស្រុក​ប្រឌិត ភ្ជាប់​នឹង​ស្ថាន​ភាព​វត្ត​នៅ​លើ​ភ្នំ​បូក​គោ។ 

ប៉ុនែ្ត​បើ​តាម​ការ​ស្រាវ​ជ្រាវ​វិញ​វត្ត​នេះ​ពុំ​មែន​ជា​វត្ថុ​បុរាណ​ណាស់​ ណា​ទេ ក៏​ជា​វត្ត​ថ្មីមួយ​ដែល​ព្រះ​ករុណា​ព្រះបាទ​ព្រះ​ស៊ីសុវត្ថិ​មុនីវង្ស ព្រះ​ចៅ​​ប្រទេស​កម្ពុជា ទ្រង់​កសាង​ឡើង​កាល​ពី​ គ.ស ១៩២៤ គឺ​នៅ​គ្រា​ដែល​រាជ​ការ​អាណា​ព្យាបាល​បារាំង គេ​ស្ថាបនា​ទី​តំបន់​បូក​គោ​ធ្វើ​ជា​ទី​លំហែរ​សម្រាប់​យក​ខ្យល់​ត្រជាក់​តាម ​ធាតុ​អាកាស​ស្រុក​អ៊ឺរ៉ុប។ កាល​នោះ​រាជ​ការ​បារាំង គេ​បាន​ថ្វាយ​ចំពោះ​ព្រះ​កុរណា​ជា​អង្គ​ម្ចាស់​ជីវិត នូវ​ទី​កន្លែង​មួយ​សម្រាប់​ព្រះ​អង្គ​ស្ថាបនា​ជា​ព្រះ​ដំណាក់​មួយ​នៅ​បូកគោ​ នោះ ដូច្នោះ​ហើយ​ព្រះ​អង្គ​ក៏ផ្តួច​ផ្តើម​ព្រះ​ទ័យ​កសាង​ជា​វត្ត​មួយ​នេះ​ឡើង ដោយ​ជ្រើស​រើស​យក​ទី​ទួល​ដែល​ជាប់​នឹង​ផែន​ថ្ម​៥​សន្លឹក​ធំៗ​នោះ សង់​ជា​ព្រះ​វិហារ​មួយ​តូច​តែ​ស្អាត​ស្អំ និង​ចេតីយ​មួយ​ទៀត​នៅពី​មុខ​ព្រះវិហារ​នេះ ហើយ​សន្មត់​យក​នា​ភាភិធេយ្យ​ថា “វត្តសំពៅ​ប្រាំ” គឺ​យក​តាម​លំនាំ​ទី​កន្លែង​លើ​ទួល​នោះ ដែល​មាន​សន្លឹក​ផែន​ថ្ម​ធំៗ ដូច​ជា​ក្លោង​សំពៅ​ប្រាំ​ផ្ទាំង ឋិត​នៅ​ត្រង់​នោះ​ស្រាប់។ 

សព្វ​ថ្ងៃ​បូក​គោ​ជា​ទី​មនោរម្យ​មួយ​សម្រាប់​ទេសចរណ៏ ធ្វើ​ដំណើរ​ទៅ​លំហែរ​សម្រាក​កាយ​នៅ​គ្រប់​ពេល​ឈប់​សម្រាក ម្ល៉ោះ​ហើយ​វត្ត​សំពៅ​ប្រាំ ក៏​ទៅ​ជា​រម្យណីយ​ដ្ឋាន​មួយ​ដែល​គេ​ស្គាល់​ច្រើន​ដែរ។

No comments:

Post a Comment